នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិបានរៀបចំពិធីបំពាក់ឋានន្តរៈស័ក្តិ ជូននាយទាហ៊ានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជា នាយក នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ។ លោកវរសេនីយឯក សាយ សំណាង នាយផ្នែកបុគ្គលិក នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិបានឡើងអាន ព្រះរាជក្រិត្យតែងតាំងថ្នាក់ ឧត្តមសេនីយទោ ចំនួន២រូប និងប្រកាសរបស់ ក្រសួងការពារជាតិ តែងតាំងថ្នាក់ វរសេនីយទោ ចំនួន៥រូប ថ្នាក់វរសេនីយត្រី ចំនួន៣២រូប ថ្នាក់អនុសេនីយឯក ចំនួន១០រូប ថ្នាក់អនុសេនីយទោ ចំនួន៩រូប ថ្នាក់អនុសេនីយត្រី ចំនួន០១រូប និងថ្នាក់នាយចំណង់ ចំនួន០២រូប។
បន្ទាប់ឯកឧត្តម ឧត្តមសេនីយឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជា នាយក នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិបានផ្តល់កិត្តិយសឡើងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាននៅក្រោមឱវាតទាំងអស់ដែលត្រូវបានតែងតាំងតម្លើងឋានន្តរស័ក្តិថ្មី។
ក្នុងឱនោះដែរ ឯកឧត្តម ឧត្តមសេនីយឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជា នាយក នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ បានមានប្រសាសន៍ផ្តាំផ្ញើរជូនអង្គពិធីទាំងមូលថាៈ
ថ្ងៃនេះនាយកដ្ឋានបញ្ជូនសាររបស់យើងមានសេចក្តីសោមនស្សរីករាយ និងមោទនភាពជាទីបំផុត ដែលត្រូវបានទទួលស្គាល់ពីព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលបានតែងតាំង និងតម្លើងឋានន្តរស័ក្តិជូន នាយទាហានក្នុងនាយកដ្ឋានបញ្ជូនសាររបស់យើង ការតម្លើងឋានន្តរស័ក្តិនាពេលនេះដែរ គឺអាទិភាពចំពោះនាយទាហានដែលមានតួនាទីមុខតំណែង មានស្នារដៃល្អក្នុងការបំពេញភារកិច្ច និងនាយទាហានដែលបានបំពេញការងារយូរឆ្នាំមកហើយ ចំពោះនាយទាហានដែលនៅសេសសល់ យើងនឹងស្នើរសុំតម្លើងឋានន្តរស័ក្តិបន្តនៅជំហ៊ានក្រោយទៀត។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថាៈ ចាប់ពីពេលនេះទៅថ្ងៃអនាគត នាយទាហានដែលត្រូវបានតែងតាំងតម្លើងឋានន្តរស័ក្តិថ្មី និងនាយទាហានរបស់យើងទាំងអស់នៅក្នុងនាយកដ្ឋានបញ្ជូនសារ ត្រូវតែកំណត់អោយបានច្បាស់លាស់ និងពង្រឹងអោយបានល្អនូវសតិអារម្មណ៍នយោបាយ មិនធ្វើអ្វីអោយប៉ះពាល់ដល់វិន័យ និងសីលធម៌របស់ កងយោធពលខេមរភូមិន្ទ ហើយខិតខំអនុវត្តន៍អោយបានជោគជ័យ នូវភារកិច្ចក៏ដូចជាបទបញ្ជាដែលថ្នាក់លើប្រគល់អោយ ដោយយកចិត្តទុកដាក់ និងប្រឹងប្រែងស្វែងយល់រៀនសូត្របន្ថែមទៀត នូវមុខជំនាញបច្ចេកទេសដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពបំពេញការងារ គោរពអោយបានល្អនូវពេលវេលាធ្វើការងាររបៀបរបបសណ្តាប់ធ្នាប់របស់ កងយោធពលខេមរភូមិន្ទ និងត្រូវមានការសាមគ្គីភាពឯកភាពផ្ទៃក្នុង នាយកដ្ឋានបញ្ជូនសាររបស់យើងអោយបានល្អ។
ឯកឧត្តម ឧត្តមសេនីយឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជា នាយក នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិបានជូនពរ និងប្រសិទ្ធពរជូនដល់នាយកទាហានដែលចូលរួមក្នុងអង្គពិធីទាំងមូលអោយជួបតែពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កម្បីឃ្លៀងឃ្លាតឡើយ។